Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

ញាក់សាច់! ហាងកាហ្វេអាម៉ាហ្សូននៅថៃមួយកន្លែង រងការរិះគន់យ៉ាងខ្លាំង ក្រោយពីបុគ្គលិកយកកែវប្រើរួច ទៅដាក់កាហ្វេឲ្យអតិថិជនផឹក (មានវីដេអូ)

ប្រទេសថៃ៖ ហាងកាហ្វេអាម៉ាហ្សូនមួយកន្លែង នៅក្នុងប្រទេសថៃ ដែលជាប្រេនល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជាយើង បានផ្ទុះរឿងរ៉ាវអាស្រូវមួយ ដោយអតិថិជនម្នាក់បានថតនិងបង្ហោះវីដេអូឃ្លីប ដែលថតបានជាសាធារណៈ ខណៈពេលដែលបុគ្គលិកបំរើសេវាកម្ម បានឆុងកាហ្វេលក់ឲ្យអតិថិជន ដោយប្រើកែវចាស់ដែលគេផឹករួច មកដាក់កាហ្វេថ្មីលក់បន្តឲ្យអតិថិជន ។

វីដេអូឃ្លីបនោះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ូកនៅប្រទេសថៃ ធ្វើឲ្យមហាជនអ្នកលេងហ្វេសប៊ូក ផ្ទុះការរិះគន់យ៉ាងខ្លាំង ។ 

ទោះជាយ៉ាងណា ទាក់ទងនិងរឿងនេះ លោកមេធាវីឯករាជ្យម្នាក់ បានចេញមកអះអាងថា កន្លែងកាហ្វេ Amazon សាខាខាងលើនេះ បុគ្គលិកបានប្រើប្រាស់កែវចាស់ៗជាច្រើនឆ្នាំមកហើយ ដោយយោងតាមការពិនិត្យមើលតាមកាម៉េរ៉ាសុវត្ថិភាព ហើយគេក៏បានឃើញបុគ្គលិកខ្លះ បានញ៉ាំអាហារបណ្តើរ ធ្វើការឆុងកាហ្វេលក់បណ្តើរ ហើយអ្នកខ្លះបានរើសយកកែវចាស់ៗមកលាង រួចយកទៅដាក់កាហ្វេលក់ឲ្យអតិថិជនថ្មីៗម្តងទៀត ។

គួរបញ្ជាក់ថា សាខាកាហ្វេអាម៉ាហ្សូននៅថៃនេះ ដែលមានបញ្ហាខាងលើ ស្ថិតនៅក្នុងសង្កាត់សុខុមវិត ក្រុងបាងកក ខណៈពេលនេះក្រុមហ៊ុនបានប្រកាសបិទហាងខាងលើនេះចំនួន៣ថ្ងៃ ដើម្បីធ្វើការស៊ើបអង្កេត និងសួរនាំបុគ្គលិក ។

ក្រោយពីការបង្ហោះវីដេអូឃ្លីបខាងលើនេះ នៅក្នុងហ្វេសប៊ូករួចមក មានមនុស្សជាច្រើនបានចូលទៅខមិនរិះគន់យ៉ាងខ្លាំង ដោយខ្លះបានសរសេរថា នេះជាសកម្មភាពពុករលួយរបស់បុគ្គលិកក្នុងហាង ព្រោះថាការលក់ដែលមិនមានការរាប់ចំនួនកែវនោះ បុគ្គលិកអាចលួចកឹបកេងប្រាក់ចំណេញពីការលក់នេះបានយ៉ាងងាយ ៕

Advertisement

Copyright © 2019 KBN News Teams