Connect with us

តារាអន្តរជាតិ

រឿងស្នេហារវាងនារីម្នាក់ និងបុរសភេទទី៣ ត្រូវជាសង្សារអតីតមិត្តប្រុស ធ្វើឲ្យកក្រើកនៅហ្វីលីពីន

ហ្វីលីពីន៖ បង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន មកជួបនិងរឿងរ៉ាវស្នេហាមួយដែលធ្វើឲ្យកក្រើកនៅក្នុងបណ្តាញសង្គមហ្វីលីពីន ដោយរឿងនេះនិយាយពីស្នេហានារីម្នាក់ ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសស្អាតភេទី៣ម្នាក់ ហើយបុរសនោះក៏ត្រូវជាសង្សាររបស់មិត្តប្រុសនាងផងដែរ។

រឿងរ៉ាវនេះ កើតមានកាលពីខែមិថុនា ឆ្នាំ២០១៥ ដោយនារីម្នាក់ឈ្មោះ Angelica Mabuhay បានជួបជាមួយបុរសម្នាក់ ដែលជាមិត្តរួមបន្ទប់ផ្ទះជួលជាមួយនាង ឈ្មោះ Justin ។ ក្រោយពីនៅក្បែរគ្នាបានប៉ុន្មានខែ ពួកគេទាំង២នាក់ក៏បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នា រហូតដល់ស្រឡាញ់គ្នាជាសង្សារ ។

នាង Angelica បាននិយាយថា “ខ្ញុំពិតជាស្រលាញ់គាត់ខ្លាំងណាស់ ខ្ញុំតែងតែផ្ញើសារ និងតេទៅគាត់ផ្ទាល់ជានិច្ច ហើយបើសិនជាទូរស័ព្ទរបស់ខ្ញុំអស់លុយ ខ្ញុំមិនខ្លាចនឹងបញ្ចូលលុយភ្លាមៗ ដើម្បីខលទៅគាត់នោះឡើយ” ។

តែទោះជាយ៉ាងណា ស្នេហារបស់ពួកគេបានរង្គោះរង្គើ បន្ទាប់ពីស្រលាញ់គ្នាបាន៣ខែ ហើយនាងក៏បានចាប់ផ្តើមសង្ស័យលើ Justin ហើយនាងក៏បានចាប់ផ្តើមតាមដានយ៉ាងល្អិតល្អន់ ដោយនាងបាននិយាយថា ៖ “ខ្ញុំសង្ស័យថា ខ្ញុំមិនមែនជាស្រីតែម្នាក់ដែលស្រលាញ់គាត់នោះទេ គាត់ច្បាស់ជាមានស្រីផ្សេងទៀត ។ ខ្ញុំបានតាមដានហ្វេសប៊ូករបស់គាត់ និងឆែកសារនៅក្នុងទូរស័ព្ទរបស់គាត់ ស្រាប់តែឃើញរូបភាពគាត់ឱបគ្នាជាមួយស្រីផ្សេង”។

នាង Angelica

ទោះបីជានាងបានដឹងពីអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏នាងនៅតែព្យាយាមរក្សាទំនាក់ទំនងស្នេហារបស់ពួកនាង រហូតដល់ថ្ងៃមួយ ក៏បានឈានទៅដល់ការផ្លាស់ប្តូរទាំងស្រុង ព្រោះតែបណ្តាញសង្គមហ្វេសប៊ូក។

សង្សាររបស់នាងឈ្មោះ Justin បានមានសង្សារជាបុរសដូចគ្នា ភេទទីបីទៅវិញ ហើយពួកគេបានបង្ហាញទំនាក់ទំនងរបស់ពួកគេជាចំហរ បន្តិចម្តងៗនៅលើបណ្តាញសង្គមហ្វេសប៊ូក ។

ក្រោយពីបានដឹងរឿងហេតុស៊ីជំរៅហើយ នាង Angelica មានអារម្មណ៍ខឹងនិងមិត្តប្រុសរបស់នាងយ៉ាងខ្លាំង ហើយក៏បានសុំមិត្តប្រុសរបស់នាង Justin បែកផ្លូវគ្នា ហើយមិត្តប្រុសរបស់នាងមិនបានសួរនាំអ្វីនោះឡើយ ថែមទាំងញញឹមឌឺដងដាក់នាងទៀត ។

នាងបាននិយាយថា “គាត់គ្រាន់តែតបសារ ដោយសើច ហាហាហា ប្រៀបដូចជារឿងដែលខ្ញុំសុំគាត់បែកនេះ ជារឿងកំប្លែងអញ្ចឹង ហើយពេលនោះខ្ញុំពិតជាចង់វាយគាត់ខ្លាំងណាស់ ហើយបើនៅក្បែរគាត់វិញ ខ្ញុំនឹងបំផ្លាញរបស់របរដែលនៅក្បែរនោះឲ្យខ្ទេច” ។

ងាកមកមើលសង្សារប្រុសរបស់ Justin ជាបុរសភេទទី៣វិញ ត្រូវបានគេស្គាល់ឈ្មោះថា Jeffrey Urieta ។

Jeffrey បាននិយាយថា “ពេលដំបូងខ្ញុំជួប Justin ខ្ញុំមានចិត្តចាប់អារម្មណ៍លើគាត់ ព្រោះតែគាត់មានសាច់ដុំធំៗ តែខ្ញុំមិនដឹងថា គាត់មានមិត្តស្រីនោះទេ។ ក្រោយមកខ្ញុំក៏បានស្នើឲ្យពួកយើង ដាក់ Status In Relationship នៅលើបណ្តាញសង្គមហ្វេសប៊ូក ហើយគាត់ក៏យល់ព្រម។ ក្រោយមកក៏មានខមិនមួយ បានសរសេរថា ពិតជាអត់កេរ្តិ៍ខ្មាសមែន ហេតុអ្វីបានជាឯងក្លាយជាមនុស្សខ្ទើយ? អាខ្ទើយសំគីស” ។

ទោះជាយ៉ាងណា គ្មាននរណាដឹងថា អ្នក Comment អាក្រក់មកលើពួកគេនោះជាអ្នកណាឡើយ ។ តែបើនិយាយពីអតីតសង្សាររបស់ Justin នាង Angelica វិញ គឺនាងមិនបានជេរឬឈ្លោះជាមួយ Jeffrey នោះទេ ផ្ទុយទៅវិញបែរជាផ្ញើរសារឲ្យ Jeffrey ហើយថែមទាំង Add Friend ទៅកាន់ Jeffrey សុំធ្វើជាមិត្តនៅក្នុងហ្វេសប៊ូកទៀតផង ។

លោក Jeffrey

Angelica បានសរសេរសារទៅកាន់ Jeffrey ដោយចង់ដឹងរឿងរ៉ាវរវាងគេ និង Justin ផងដែរ ហើយ Jeffrey ក៏បាននិយាយថា “Angelica តែងតែផ្ញើសារមកខ្ញុំចង់ដឹងថា ខ្ញុំសុខសប្បាយអត់?”

ចំនែកនាង Angelica បាននិយាយថា “ពេលខ្លះខ្ញុំក៏មិនដឹងថា ខ្ញុំកំពុងតែធ្វើអ្វីនោះដែរ តែខ្ញុំមានអារម្មណ៍ម្យ៉ាងថា ខ្ញុំដូចជាចូលចិត្តនិយាយជាមួយ Jeffrey” ។«ខ្ញុំក៏មិនដឹងថា ខ្ញុំកំពុងតែធ្វើអ្វីដែរ ខ្ញុំគ្រាន់តែដឹងថាខ្ញុំចូលចិត្តឆាតជាមួយ Jeffrey»

ទីបំផុតនាង Angelica និងបុរសភេទទី៣ឈ្មោះ Jeffrey បានបន្តទំនាក់ទំនងនិយាយឆ្លើយឆ្លងជាមួយគ្នារហូតដល់បាក់ចិត្តស្រលាញ់គ្នាទៅវិញទៅមក ហើយពួកគេក៏បានក្លាយជាសង្សារនិងគ្នា។

នាង Angelica បានិយាយថា “Jeffrey គឺជាមនុស្សម្នាក់ដែលល្អ ហើយគាត់ខុសប្លែកពីបុរសដទៃ ខ្ញុំពិតជាចូលចិត្តគាត់ខ្លាំងណាស់។ ពេលពួកយើងទូរស័ព្ទនិយាយគ្នាលេង ខ្ញុំបានបង្កើតគំនិតមួយថា ពួកយើងធ្វើជាសង្សារនិងគ្នាទៅ… ហើយពេលនោះគាត់បានឆ្លើយយល់ព្រម ដោយមិនបានគិតបន្តិចសោះ”។

ចំណែកលោក Jeffrey បាននិយាយថា “ខ្ញុំគិតពីរឿងនេះដែរ ថាតើហេតុអ្វីបានជាខ្ញុំយល់ព្រមធ្វើសង្សារជាមួយនិង Angelica ខណៈពេលដែលខ្ញុំកំពុងតែមានអារម្មណ៍ស្រលាញ់មនុស្សប្រុសនៅឡើយនោះ។ ខ្ញុំបានគិតថា នេះជារឿងមួយអយុត្តិធម៌សម្រាប់នាង ព្រោះតែអារម្មណ៍របស់យើងមិនដូចគ្នានោះឡើយ”។

ក្រោយពីស្រលាញ់គ្នាបានមួយរយៈ ស្នេហារបស់ពួកគេ (Angelica និង Jeffrey) បានរង្គោះរង្គើ ក្រោយពេលដែលនាង Angelica បានស៊ើបដឹងថា Jeffrey នៅតែមានទំនាក់ទំនងជាមួយនិង Justin ដែលជាអតីតមិត្តប្រុសរបស់នាងនោះ ។

បុរសភេទទី៣ Jeffrey

នាងបាននិយាយថា “ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ តែខ្ញុំខំខាំមាត់អត់ធ្មត់គ្រប់បែបយ៉ាង ព្រោះតែធ្វើអ្វីក៏មិនកើត មានតែសង្ងំយំមិនឲ្យអ្នកណាដឹង”។

ឯលោក Jeffrey បាននិយាយថា “រវាងខ្ញុំនិងJustin គ្រាន់តែសួរសុខទុក្ខគ្នាធម្មតាទេ ហើយ Justin ក៏បានជូនពរខ្ញុំ និង Angelica ឲ្យមានសេចក្តីសុខផងដែរ ” ។

នាង Angelica

ប៉ុន្តែមិនមែនដូចអ្វីដែល Jeffrey បាននិយាយនោះឡើយ Angelica នៅតែចាប់បានទំនាក់ទំនងជាហូរហែរវាង Justin និង Jeffrey ធ្វើឲ្យនាងទ្រាំពុំបាន ក៏បានឲ្យលោក Jeffrey ធ្វើការសម្រេចចិត្តចុងក្រោយ រវាង នាង និង Justin ។

ទីបំផុត Jeffrey ក៏បានសម្រេចចិត្តរើសយកនាង Angelica ព្រោះតែលោកបានដឹងថា នាងស្រលាញ់លោកខ្លាំងជាទីបំផុត។

ពេលវេលាបានកន្លងផុតទៅយ៉ាងរហ័ស ពួកគេទាំង២នាក់ បានទទួលចំណងដៃកូនម្នាក់ ហើយពួកគេក៏បានចិញ្ចឹមកូនពួកគេយ៉ាងមានសេចក្តីសុខជាមួយគ្នា។

លោក Jeffrey បាននិយាយថា “ទោះបីជាជីវិតមានការលំបាកយ៉ាងណាក៏ដោយ ទោះជាប្រាក់ខែចាយមិនគ្រប់គ្រាន់ក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមសន្សំលុយដើម្បីចិញ្ចឹមកូនរបស់យើង ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលដែលត្រលប់មកផ្ទះ ឃើញមុខរបស់កូន ទោះហត់យ៉ាងណាក៏បាត់ដែរ” ។

នាង Angelica និង Jeffrey ជាមួយនិងកូន

រឿងរ៉ាវស្នេហាខាងលើនេះ បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសហ្វីលីពីន សម្តែងការរំភើបនិងគាំទ្រ ហើយបានសរសើរថា ស្នេហារបស់ពួកគេពិតជាពិបាករកណាស់ ព្រោះជាស្នេហាមិនប្រកាន់វណ្ណៈ ហើយបុរសភេទទី៣ម្នាក់ បានប្រែក្លាយជាបុរសពេញលក្ខណៈ អាចកសាងគ្រួសារមួយដ៏កក់ក្តៅបាន ៕

Advertisement



 

Copyright © 2019 KBN Branding Teams