Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

កម្រមានណាស់! សន្តិសុខម្នាក់ តម្រៀបម៉ូតូយ៉ាងស្អាត ដាក់តាមម៉ាក និងពណ៌ល្អឥតខ្ចោះ ហើយគាត់និយាយថា “មិនចង់ឮគេថា សន្តិសុខទំនេរជក់តែបារី និងផឹកកាហ្វេនោះទេ…”

ប្រទេសឥណ្ឌូនេស៊ី៖ មានការភ្ញាក់ផ្អើលមួយ ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក នៅប្រទេសឥណ្ឌូនេស៊ី ក្រោយពីគេបានបង្ហោះរូប សន្តិសុខម្នាក់ដែលមានគំនិតឧស្សាហ៍ព្យាយាម តម្រៀបម៉ូតូយ៉ាងត្រង់ជួរ ហើយថែមទាំងតម្រៀបតាមពណ៌យ៉ាងល្អឥតខ្ចោះទៀតផង ។

សន្តិសុខដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមនៅក្នុងស្រុក មានការកោតសរសើរ យ៉ាងខ្លាំងនោះ មានឈ្មោះ Slamet Gunaedi ដោយគាត់មានការងារ និងតួនាទីជាសន្តិសុខយាមម៉ូតូនិងឡាន នៅក្នុងវិទ្យាល័យមួយឈ្មោះ Banten ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី ។

គេបានសង្កេតឃើញសន្តិសុខម្នាក់នេះ តម្រៀងម៉ូតូយ៉ាងស្អាត និងត្រង់ជួរភ្លឹងជារៀងរាល់ថ្ងៃ ហេតុដូច្នេះហើយទើបមានសិស្សសាលាជាច្រើន ទ្រាំមិនបានក៏បានថតយករូបភាពទាំងនេះ មកបង្ហោះនៅក្នុងហ្វេសប៊ូក ដោយភ្ជាប់ជាមួយនិងការកើតសរសេរ ពីទម្លាប់ដ៏ល្អរបស់សន្តិសុខម្នាក់នេះផងដែរ ។

សិស្សស្រីម្នាក់បាននិយាយថា “ពូសន្តិសុខនៅសាលារបស់ខ្ញុំ តែងតែតម្រៀបម៉ូតូតាមម៉ាករបស់វា ព្រោះតែសិស្សដែលរៀននៅក្នុងសាលានេះ ភាគច្រើនជិះម៉ូតូម៉ាក Beat ។ អីចឹងហើយ ពូសន្តិសុខគាត់តែងតែតម្រៀបវាតាមម៉ាកម៉ូតូរបស់សិស្ស ដោយតម្រង់ជួរយ៉ាងមានរបៀបរៀបរយទៀតផង ។ មិនត្រឹមតែម៉ូតូម៉ាក Beat នោះទេ សូម្បីតែម៉ូតូផ្សេងៗទៀត ក៏គាត់តម្រៀបយ៉ាងមានរបៀបដូចគ្នា” ។

សិស្សស្រីខាងលើ បានយករូបថតដែលនាងថតបាន ទៅបង្ហោះនៅក្នុងបណ្តាញសង្គម Twitter និងហ្វេសប៊ូក ហើយធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ និងសរសើរនៅគំនិតច្នៃប្រឌិតរបស់សន្តិសុខម្នាក់នេះ ។

ចំណែកពូសន្តិសុខខាងលើ បាននិយាយប្រាប់ថា “វាជាការងារនិងគំនិតខ្ញុំដោយផ្ទាល់ ដូច្នេះហើយខ្ញុំត្រូវធ្វើឲ្យកន្លែងចតម៉ូតូនេះ មានរបៀបរៀបរយ និងស្អាតជានិច្ច ។ ខ្ញុំមិនចង់ឮសម្តីគេនិយាយថា សន្តិសុខនៅសាលាចេះតែជក់បារី និងផឹកកាហ្វេនោះទេ។ ហើយខ្ញុំក៏មិនចាំតែស្តាប់បញ្ជាមេរហូតនោះដែរ ព្រោះក្នុងនាមខ្ញុំជាសន្តិសុខម្នាក់ ខ្ញុំត្រូវតែមានគំនិតផ្តួចផ្តើមដោយខ្លួនឯង” ៕

Advertisement

Copyright © 2019 KBN News Teams